សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP)

ម៉ាស្ទ័រវេប


ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ  សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសួរសុខទុក្ខកុមារី និងយុវតីកំព្រា និងរងគ្រោះនៅមជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ក្នុងពិធីចុះសួរសុខទុក្ខនិងសំណេះសំណាលមុនការចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក៏មានការអញ្ជើញ​ចូល​​រួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា, លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។


ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខនេះ សម្តេចទាំងទ្វេបានរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្សផងដែរ។

ក្នុងឱកាសនៃជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាកសួរព័ត៌មាននានាពាក់ព័ន្ធការងារ បទពិសោធន៍នៃជីវិត ជាពិសេសប្រវត្តិដ៏លំបាករបស់ចៅៗ កូនៗទាំងអស់។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយចៅៗកូនៗ ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជាជាច្រើនលើករួចមកហើយ។


សម្តេចទាំងទ្វេ បានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយតែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំខែសម្រាប់មជ្ឈមណ្ឌលផងដែរ ដោយក្នុងនោះ មានការឧបត្ថម្ភជាអង្ករជាប្រចាំខែ ក្នុងមួយខែៗ​ចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ២០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ម៉ឺនរៀលក្នុងមួយខែ និងថវិកាសម្រាប់មជ្ឈមណ្ឌល៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ផងដែរ។


នៅថ្ងៃនេះសម្តេចតេជោ បានមានប្រសាសន៍ដាក់ចេញជាកាតព្វកិច្ចតែម្ដង សម្រាប់មជ្ឈមណ្ឌលនេះ ទាក់ទងទៅ​នឹង​ការអប់រំដល់ចៅៗ កូនៗទាំងអស់នៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាលការអប់រំឱ្យបានត្រឹមត្រូវ យ៉ាង​ហោចណាស់ត្រឹមបរិញ្ញាបត្ររង។ 


សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចៅៗណាដែរប្រឡងមិនជាប់​បាក់​ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្ររង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់​បន្ត​ទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិតអភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ។

ជាថ្មីម្ដងទៀត នៅក្នុងឱកាសនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរដល់ជនដែលប្រព្រឹត្តអំពើ​អាណា​ចារ្យមកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះវាជាទង្វើអាក្រក់ដ៏ជូជាតិបំផុត ដែលសង្គមមិន​អាចទទួលយកបាននោះទេ។


សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ និងសន្យាថា នឹងនៅតែបន្តគាំទ្រដល់មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ជាបន្តទៀត ហើយបើអត់ពីសម្ដេច​ទៅ មជ្ឈមណ្ឌលនេះ ក៏នឹងបន្តការគាំទ្របន្តទៀត ពីសំណាក់នាយករដ្ឋមន្ត្រី គឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបន្តយកចិត្តទុកដាក់ និងផ្គត់ផ្គង់មជ្ឈមណ្ឌលនេះតទៅទៀតមិនឱ្យក្មួយៗ ចៅៗ អស់សង្ឃឹមនោះទេនៅថ្ងៃខាងមុខ។។


សម្ដេចតេជោក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ហើយត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវអោយពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារនោះ។

នៅថ្ងៃនេះ ក្រៅពីការរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសានោះ សម្ដេចតេជោក៏បានឧបត្ថម្ភជាថវិកា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ ទាំងកូនៗចៅៗ ចំនួន១៧២នាក់ និងលោកគ្រូអ្នកគ្រូគ្រូចំនួន៣២នាក់ សរុប ២០៤នាក់ក្នុងម្នាក់៥០ម៉ឺនរៀល។ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរឲ្យលោកគ្រូ អ្នកគ្រូ និងកូនៗ ចៅៗទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងជោគជ័យក្នុងជីវិត៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top